ដើមពោធិ៍ដ៏ធំមួយដើមប្រុងឆ្លងដែនទៅយួនតែសំណាងល្អសមត្ថកិច្ចចាប់ទាន់
ថ្ងៃ ច័ន្ទ ទី ៤ ខែ មេសា ឆ្នាំ ២០១១
ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋបានសម្តែងនូវការសោកស្ដាយចំពោះដើមពោធិ៍ធំៗជាច្រើន ដើម ដែលកំពុងទទួលរងនូវការគំរាមកំហែងដោយការកាប់គាស់លក់ពីសំណាក់ ម្ចាស់ដីឡូត៍ទៅឱ្យឈ្មួញដើម្បីនាំយកចេញទៅក្រៅប្រទេសដោយប្រើ រូបភាពថា ដឹកជញ្ជូនសម្រាប់ដាក់ដាំលំអតាមភូមិគ្រឹះ តែការពិតនោះជាលេសដែលគេភូតកុហកតែប៉ុណ្ណោះ។
ក្រុមអ្នកឃ្លាំមើលបាននិយាយថា នារយៈកាលចុងក្រោយបន្ទាប់ពីមានយុទ្ធនាការបង្ក្រាបទប់ស្កាត់ នូវរាល់សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទរួចមក បច្ចុប្បន្នក្រុមឈ្មួញមួយចំនួនបានបង្វែរពីមុខរបរនេះមកធ្វើការ ដឹកជញ្ជូនដើមឈើធំៗក្នុងស្រុក ដែលពីមួយថ្ងៃទៅមួយថ្ងៃគេឃើញមានរថយន្ដធុនធំគ្រប់ប្រភេទបន្ដ សកម្មភាពដឹកជញ្ជូនដើមឈើក្នុងស្រុកយ៉ាងសកម្ម ដូចជាដើមពោធិ៍ ដើមរាំង ទឹក និងដើមរាំងបឹងដើម្បីលក់ឱ្យក្រុមឈ្មួញនៅក្រៅប្រទេស(វៀតណាម)។ ដើមឈើធំៗក្នុងស្រុកដែលឈ្មួញកំពុងដឹកជញ្ជូននេះ គឺដឹកយកទៅលក់ឱ្យឈ្មួញវៀតណាម ហើយការដែលពួកគេអាចដឹកជញ្ជូនទៅបានជាប្រចាំនោះគឺដោយសារមិន មានសមត្ថកិច្ចណាមួយធ្លាប់មកធ្វើការហាមឃាត់ឱ្យមានភាពក្ដៅគគុក ឡើយ គឺបណ្ដែតបណ្ដោយឱ្យពួកឈ្មួញធ្វើសកម្មភាពកាប់រំលំដោយសេរី និងថែមទាំងប្រើរូបភាពដឹកជញ្ជូនមានច្បាប់អនុញ្ញាតពីអាជ្ញាធរ ត្រឹមត្រូវថាយកទៅដាំនៅតាមលំនៅឋានក្នុងស្រុក។
ជាក់ស្ដែង ដើមពោធិ៍មួយដើមធំដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ត្រូវបានម្ចាស់ដីឡូត៍ឈ្មោះស្រែ សាវឿន អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ សម្រេចលក់ទៅឱ្យពួកឈ្មួញ ហើយដើមពោធិ៍ ដ៏ធំនេះ ក៏ត្រូវកាប់គាស់រំលំ និងស្ទូចដាក់រថយន្ដធុនធំមួយគ្រឿងដឹកទៅកាន់ ព្រំដែនវៀតណាម តាមច្រកស្រុកមេមត់ ខេត្ដកំពង់ចាម ប៉ុន្ដែក៏ត្រូវបានបង្ក្រាបដោយចាប់ឃាត់ទុកវិញពីសំណាក់លោក ស្នងការខេត្ដ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិខាងលើ បានឱ្យដឹងថា ដើមពោធិ៍ដ៏ធំមួយដើមនេះត្រូវម្ចាស់ដីលក់ទៅឱ្យពួកឈ្មួញតម្លៃ ៣លានរៀល ហើយកាលពីថ្ងៃទី១ មេសា គេឃើញពួកឈ្មួញជាច្រើននាក់ និងមានជនជាតិវៀតណាមមួយចំនួនបានមកជីកគាស់និងយករថយន្ដសន្ទូចធំ ៗពីរគ្រឿងមកស្ទូចដើមពោធិ៍មួយដើមនេះដាក់លើរថយន្ដធំមួយគ្រឿង និងបណ្ដាលឱ្យស្ទះចរាចរណ៍អស់មួយព្រឹកផងដែរ។ នៅក្នុងសកម្មភាពកាប់គាស់ដើមពោធិដ៏ធំមួយដើមនេះ ពួកគេអះអាងថាមានលិខិតទិញ-លក់ ត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ដោយបញ្ជាក់ថា ដឹកយកទៅដាំនៅលំនៅឋានរបស់បុរសឈ្មោះសឿ ជុំ អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងស្រុកមេមត់ ខេត្ដកំពង់ចាម។
ទោះបីជាយ៉ាងណា ការធ្វើអាជីវកម្មរបស់ពួកឈ្មួញទាំងនេះត្រូវបានចុះបង្ក្រាប ទប់ស្កាត់ទាន់ពេលពីសំណាក់លោកឧត្ដមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ដ កាលពីព្រឹកថ្ងៃទី៤ មេសា ខណៈពេលដែលដើមពោធិ៍មួយដើមនេះត្រូវបានស្ទូចដាក់លើរថយន្ដ ហើយដឹកចេញ។ ឆ្លងតាមការពិនិត្យរបស់សមត្ថកិច្ចឃើញថា ដើមពោធិ៍មួយដើមនេះមានប្រវែង១៧ម៉ែត្រ និងមានមុខកាត់ជាង៣ម៉ែត្រ ដោយសន្និដ្ឋានថា មានទម្ងន់រាប់សិបតោន និងអាចធ្វើឱ្យមានការប៉ះពាល់ដល់ថ្នល់ និងស្ពានចាស់តាមផ្លូវ។ ក្នុងនោះដែរ សមត្ថកិច្ចបានឃាត់រថយន្ដមួយ គ្រឿងជាប្រភេទរថយន្ដកុងតឺន័រពាក់ស្លាកលេខ 3B-3056 ដោយបង្គាប់ឱ្យទម្លាក់ដើមពោធិចុះមកដី រីឯរថយន្ដនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដ។ ប្រជាពលរដ្ឋរស់នៅស្រុកសំបូរ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការហិនហោចដើម ពោធិ៍ក្នុងស្រុក ខណៈពេលដែលមានការបើកដៃឱ្យឈ្មួញទិញដោយសេរីជារៀងរាល់ថ្ងៃ បែបនេះ៕
No comments:
Post a Comment